A photo of Noun Hou taken in June 2020. Photo provided by Noun Hou.

Noun Hou

About Noun Hou

Ven. Sarom Nhor, 14, is one of the novice monk students from Takeo province. His father passed away, and his mother lives with his younger sister, according to Noun Hou.

Hou, 66, is Ven. Nhor’s grandfather. He observes that most boys spend more time playing than learning. Therefore, he decided to send his grandson to the monastery to become a novice monk because he would be illiterate if he followed in the other boys’ footsteps. “This grandson did not listen and follow [me],” Hou said, “but when he becomes a monk, he has more time for learning.”

“I think that Buddhism is a religion that can make people thoughtful,” he added.

“Youth are the least likely to come to [the temple],” Hou said, “[They] are not thoughtful. They drink [alcohol] and play. Some may associate with drugs easily, as I see.”

Hou added that he is happy to see that his grandson has developed himself to be a learner. He hopes that his grandson will become a knowledgeable person who can help himself, his family, and the country in the future.

When his grandson, Ven. Nhor, finishes Buddhist primary school, he will move to another monastery to study in higher grades.

Transcript

កំណត់ត្រាសម្ភាសន៍ជាលាយលក្ខណ៍អក្សរ

អ្នកសម្ភាសន៍ - លន់ ឡាយ

អ្នកផ្ដល់បទសម្ភាន៍ - ហ៊ូ នួន

កាលបរិច្ឆេទ - ១៣ មីនា ២០២១

មធ្យោបាយ​ -​ Remote Interview

រយៈពេល - ១០ នាទី​ និង៣០ វិនាទី

លន់ ឡាយ - អាត្មាភាព ភិក្ខុ លន់ ឡាយ ជាសមណនិស្សិតឆ្នាំទី៤ សិក្សានៅសាកលវិទ្យាល័យម៉ាស្សាឈូសេត្តឡូវ៉ែល សហរដ្ឋអាមេរិក ដោយសិក្សាទៅលើជំនាញវិជ្ជានិពន្ធ។ គោលបំណងនៃការសម្ភាសន៍ថ្ងៃនេះ គឺដើម្បីបានជាប្រភពព័ត៌មានក្នុងការសរសេរអត្ថបទមួយក្រោមប្រធានបទ វត្តអារាមព្រះពុទ្ធសាសនានៅកម្ពុជាជួយប្រជាជនក្រីក្រឱ្យមានឱកាសទទួលបានការអប់រំខ្ពង់ខ្ពស់។ ក្នុងប្រធានបទនេះ អាត្មាត្រូវធ្វើការសម្ភាសន៍ទាំងបព្វជិត និងគ្រហស្ថដែលធ្លាប់មានបទពិសោធន៍បានអាស្រ័យក្រោមម្លប់ព្រះពុទ្ធសាសនា។

តាមដែលបានដំណឹង ញោមមានចៅបានចូលមកបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ដែលសព្វថ្ងៃកំពុងសិក្សារៀនសូត្រ គង់នៅវត្តវារិន្ទព្រែកលៀប រាជធានីភ្នំពេញ។ សំណួរដំបូង‌! ហេតុអ្វីបានជាញោម បញ្ជូនចៅឱ្យចូលមកបួសក្នុងសំណាក់ព្រះពុទ្ធសាសនា?

ហ៊ូ នួន- ហេតុបានជាខ្ញុំករុណាឱ្យចៅបួស ព្រោះខ្ញុំករុណាយល់ឃើញថា​ បើនូវជាគ្រហស្ថអាចនឹងអត់ចេះអក្សរ អត់ទទួលបានចំណេះអ្វីផ្សេងៗ ដូច្នេះហើយក៏បានឱ្យមកចូលបួសទៅ។ ព្រោះបើជាព្រះសង្ឃ គឺអត់បានដើរលេងឆ្វេចឆ្វាចអ្វីច្រើនទេ ម្យ៉ាងទៀតលោកចៅមានពេលច្រើនជាងកាលនៅជាគ្រហស្ថ ក្នុងការទទួលបានការសិក្សារៀនសូត្រ។ ខ្ញុំករុណាយល់ឃើញ​បែបនេះហើយ ទើបបញ្ជូនឱ្យចៅចូលមកបួស។

លន់ ឡាយ -​ ហេតុអ្វីបានជាញោមគិតថា នៅជាគ្រហស្ថមិនទទួលបានការសិក្សារៀនសូត្រ?

ហ៊ូ នួន- ខ្ញុំករុណាសង្កេតឃើញថា ប្រសិនបើនៅជាគ្រហស្ថដើរលេងសេរីភាពច្រើន អត់សូវមានវិន័យ អត់សូវមានសីលធម៌។ ដោយសារឃើញក្មេងភាគច្រើន គឺដើរលេងច្រើន ពិសេសក្មេងដែលអត់បានចូលសាលា។ ម្យ៉ាងចៅក៏និយាយទៅអត់សូវស្ដាប់ អត់សូវតាម។ ដល់ពេលបួស ទើបមានពេលវេលារៀនសូត្របានច្រើន។ កាលមុនបួសទៅតែសាលាទេ ហើយការអប់រំពីគ្រូគាត់ក៏បានខិតខំព្យាយាមបង្ហាត់បង្ហាញច្រើនដែរ តែហាក់ដូចជារៀនអត់ចេះសោះ។

ពេលគាត់បានចូលបួស ខ្ញុំករុណាឃើញល្អច្រើន ព្រោះមានវិន័យខាងព្រះពុទ្ធសាសនាជួយអប់រំឱ្យមានភាពរម្យទុំ ហើយម្យ៉ាងទៀត ការសិក្សារៀនសូត្ររបស់គាត់ក៏រីកចម្រើន ទោះបីមិនបាន១០០ភាគរយ ក៏អាចបានប្រហែល ៥០ភាគរយ ឬ ៦០ភាគរយ អំពីការសិក្សារៀនសូត្រផ្នែកអក្សរសាស្រ្ដ និងធម៌វិន័យដែរ។ ខ្ញុំករុណាយល់ឃើញថា ព្រះពុទ្ធសាសនា គឺជាសាសនាដែលអាចឱ្យមនុស្សចេះគិតច្រើន ជាងគ្រហស្ថធម្មតា ពីព្រោះអ្នកជឿលើពុទ្ធសាសនាភាគច្រើនដឹងគុណចំពោះមាតាបិតា។

លន់ ឡាយ- បើដូច្នោះ​ តើអ្នកដែលមិនបានទទួលការអប់រំមិនសូវដឹងគុណ ឬក៏យ៉ាងណាដែរ បើតាមញោមសង្កេតឃើញ?

ហ៊ូ នួន-​ ខ្ញុំករុណាយល់ឃើញថា ចំពោះយុវជនដែលមិនចូលវត្តអារាម ឬមិនគោរពព្រះពុទ្ធសាសនា គឺភាគច្រើនមិនសូវចេះគោរពឪពុកម្ដាយ និងចាស់ទុំទេ។ ខ្ញុំករុណាយល់ឃើញយុវជនមិនសូវចេះគិត ហើយអ្នកខ្លះរហូតអាចទៅភ្លើតភ្លើនដោយសារគ្រឿងញៀន។

លន់ ឡាយ- តើស្ថានភាពសង្គមយើងនាពេលបច្ចុប្បន្ននេះ មានស្ថានភាពយ៉ាងដូចម្ដេចដែរទាក់ទងទៅនឹង ការអប់រំ យុវជន និងការសេពគប់?

ហ៊ូ នួន-​ បច្ចុប្បន្ននេះអ្នករៀនបានថ្នាក់ទាបៗ និងអ្នកដែលមិនសូវយល់ដឹងអំពីការសិក្សា​ ចេះតែបណ្ដោយខ្លួន​ ភ្លើតភ្លើនទៅតាមការនឹកឃើញរបស់ខ្លួន និងដើរលេងច្រើនឥតមានខ្វល់ខ្វាយអ្វី។ បើតាមខ្ញុំករុណាមើលឃើញ ពួកគាត់ដូចជាអត់សូវចេះគិតរឿងប្រទេសជាតិ។ ហើយគេពិបាកក្នុងការដោះស្រាយសព្វគ្រប់បែបយ៉ាងក្នុងសង្គមយើង។ យើងគួរតែតាមដានស្រុកទេសឱ្យដឹងថាពិបាក ឬមានការប្របូកប្របល់អ្វីខ្លះ ប៉ុន្តែពួកគាត់អត់គិតអំពីរឿងទាំងនេះឡើយ។ ពួកគាត់គិតតែពីការដើរសប្បាយហ៊ឺហា ការ៉ាអូខេ ជួបជុំគ្នា ហូបចុកស្រាជាដើម។ ខ្ញុំករុណាឃើញថាឥតមានលុះពេលសោះ។ ពួកគាត់មិនបានជួយសម្រាលបន្ទុកសង្គមហើយ ព្រមទាំងថែមបន្ទុកឱ្យសង្គមពិបាកដោយសារតែពួកគាត់ថែមទៀតផង​។

លន់ ឡាយ- ចុះសម្រាប់ញោមជាជីតារបស់លោកចៅនាមបញ្ញា តើញោមមានអារម្មណ៍យ៉ាងដូចម្ដេចក្រោយពេលចៅបានបួស?

ហ៊ូ នួន-​ ខ្ញុំករុណាសប្បាយចិត្តត្រង់ថាលោកចៅបានឆ្លងកាត់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ ខ្ញុំករុណាយល់ឃើញថា លោកចៅប្រហែលទៅមុខទៀតច្បាស់ជាអាចទទួលបានចំណេះដឹងខ្ពង់ខ្ពស់ក្នុងពុទ្ធសាសនា។ គឺអាចក្នុងការសិក្សារៀនសូត្រ សង្ឃឹមថាប្រហែលបានចេះតែរីកចម្រើនកើនតទៅមុខទៀត។

លន់ ឡាយ- តើទៅថ្ងៃអនាគត ញោមសង្ឃឹមយ៉ាងដូចម្ដេចដែរ ចំពោះលោកចៅដែលបានបួសកន្លងមក?

ហ៊ូ នួន-​ ខ្ញុំករុណាសង្ឃឹមថា ទៅថ្ងៃអនាគតលោកចៅនឹងអាចក្លាយជាមនុស្សម្នាក់ដែលអាចជួយខ្លួនឯងបាន អាចជួយក្រុមគ្រួសារ និងអាចជួយសង្គមជាតិនេះបានផងដែរ។ ហើយប្រសិនបើមិនបានជួយអ្វីជាធំដុំ ក៏អាចនឹងមិនឱ្យអ្នកដទៃគេពិបាកចិត្តដោយសារខ្លួន​។ ម្យ៉ាងលោកចៅអាចថាទៅថ្ងៃមុខទៀត អាចនឹងចេះមុខវិជ្ជាជំនាញអ្វីមួយមិនខាន ដើម្បីទ្រទ្រង់ជីវិតរស់នៅទៅថ្ងៃអនាគតឱ្យបានល្អប្រសើរ។ នេះគ្រាន់តែជាអ្វីដែលខ្ញុំករុណាវាយតម្លៃ។

លន់ ឡាយ- តើក្រុមគ្រួសារលោកចៅ មានស្ថានភាពយ៉ាងដូចម្ដេចដែរ?

ហ៊ូ នួន-​ បើនិយាយពីស្ថានភាពក្រុមគ្រួសារវិញ ញោមប្រុសរបស់លោកចៅបានទទួលមរណភាពហើយ ប៉ុន្ដែក៏មិនជាបញ្ហាចោទក្នុងរឿងជីវភាពរស់នៅឱ្យលំបាកលំបិនអ្វីខ្លាំងណាស់ណាដែរទេ​។ ខ្ញុំករុណាអាចទ្រទ្រង់ជីវិតមាតា និងជីតាមួយរូប ដែលយកចិត្តទុកដាក់ចំពោះកូនៗ និងចៅៗ អាចទទួលខុសត្រូវចំពោះពួកគាត់បាន បើទោះបីជាមិនបានថែទាំឱ្យបានដិតដល់គ្រប់គ្រាន់យ៉ាងណាក្ដី។

លន់ ឡាយ- ពរញោម ។ អាត្មាសូមអរគុណញោម អាត្មាបានទទួលចម្លើយគ្រប់សំណួរដែលអាត្មាបានសួររួចរាល់ហើយ។ សូមអរគុណញោមច្រើន។