This photo taken in June 2020 shows Ven. Phearum Sok remotely teaching the Vinaya (a set of rules for the monastic community) to the 2nd grade during the pandemic from Varin Prek Leab monastery, Phnom Penh, Cambodia. Photo provided by Ven. Phearum Sok and taken by Ven. Bayon Sok. Image by Ven. Bayon Sok

Ven. Phearum Sok remotely teaching the Vinaya (a set of rules for the monastic community) to the 2nd grade during the pandemic from Varin Prek Leab monastery, Phnom Penh, Cambodia in June 2020.

About Ven. Phearum Sok

Ven. Phearum Sok, 37, was a son of an underprivileged family. He became a novice monk at the age of 14 in 1999. He graduated with his bachelor’s degree in 2014. “Although I could study and reach this [educational level], my family could support so little,” Ven. Sok said. “They could provide me only mental encouragement, especially my mother.”

“‘Because I am uneducated, son [Phearum Sok] must study hard.’ My mother’s words were unforgettable to me,” said Ven. Sok.

Ven. Sok is one of thousands of monks from Prey Veng province who have grown up and been educated in the monasteries. He explains how his life has become a source of strength in society, and especially in his birthplace, because of the influence of Buddhism.

“About my history and Buddhism, I would like to show gratitude toward Buddhism deeply because I was a son of [a] farmer,” Ven. Sok said. “A farmer who was extremely poor that had rice in the morning, [but] lacked rice to eat in the evening.”

Ven. Sok said that Buddhism has helped many unprivileged and illiterate children to schools and has educated them to be good people in society.

“They understand living with morality and learning, and know how to write the Khmer spelling well,” said Ven. Sok.

Ven. Sok is the vice-abbot of Varin Prek Leab monastery. He is also the president of the Cambodian Buddhist Primary School of Varin Prek Leap, one of the most prominent Buddhist primary schools in Phnom Penh City. According to Ven. Sok, the Buddhist school in Varin Prek Leab​ monastery has 118 novice monk students from all provinces around Cambodia.

Transcript

កំណត់ត្រាសម្ភាសន៍ជាលាយលក្ខណ៍អក្សរ

អ្នកសម្ភាសន៍ - លន់ ឡាយ

អ្នកផ្ដល់បទសម្ភាន៍ - សុខ ភារម្យ

កាលបរិច្ឆេទ - ១៥ មីនា ២០២១

មធ្យោបាយ​ -​ Remote Interview

រយៈពេល - ២០ នាទី​ និង៥៨ វិនាទី

លន់ ឡាយ -​ ជាបឋមខ្ញុំករុណាសូមថ្វាយបង្គំព្រះតេជគុណ សុខ ភារម្យ ដែលបានអនុញ្ញាតឱ្យខ្ញុំករុណាបានឱកាសសម្ភាសន៍។ ខ្ញុំករុណា ភិក្ខុ លន់ ឡាយ ជាសមណនិស្សិតឆ្នាំទី៤ សិក្សានៅសាកលវិទ្យាល័យម៉ាស្សាឈូសេត្តឡូវ៉ែល សហរដ្ឋអាមេរិក ដោយសិក្សាលើជំនាញវិជ្ជានិពន្ធ។ គោលបំណងនៃកិច្ចសម្ភាសន៍ក្នុងថ្ងៃនេះ គឺដើម្បីបានជាប្រភពពត៌មានក្នុងការសរសេរអត្ថបទមួយក្រោមប្រធានបទ វត្តអារាមព្រះពុទ្ធសាសនានៅកម្ពុជា ជួយប្រជាជនក្រីក្រឱ្យមានឱកាសទទួលបានការអប់រំខ្ពង់ខ្ពស់។ ក្នុងប្រធានបទនេះ ខ្ញុំករុណាត្រូវការសម្ភាសន៍បព្វជិតនិងគ្រហស្ថដែលធ្លាប់អាស្រ័យ ពឹងពាក់ព្រះពុទ្ធសាសនាជាច្រើនអង្គនាក់។

ជាកិច្ចចាប់ផ្ដើមនៃបទសម្ភាសន៍នេះ ខ្ញុំករុណាសូមព្រះតេជគុណនិមន្ដណែនាំអំពីព្រះនាម អាយុ និងតួនាទីបច្ចុប្បន្ននៅក្នុងសាលាពុទ្ធិក ក៏ដូចជានៅក្នុងវត្តវ៉ារិន្ទព្រែកលៀបផងដែរ។

សុខ ភារម្យ - ខ្ញុំករុណាសូមអរព្រះគុណលោកប្អូន សម្រាប់ការផ្ដល់កត្តិយសក្នុងវេលានេះ។ ខ្ញុំករុណាសូមនមស្សការដោយសេចក្ដីរាប់អានចំពោះលោកប្អូន ដែលបានធ្វើបទសម្ភាសន៍ ដែលបានផ្ដល់ឱកាសផ្ដល់បទសម្ភាសន៍ប្រគេនលោកប្អូន ដែលជាសមណនិស្សិតខ្មែរកំពុងសិក្សាវិជ្ជានិពន្ធនៅសាកលវិទ្យាល័យមួយនៅទីក្រុងឡូវ៉ែល សហរដ្ឋអាមេរិក ដែលខ្ញុំករុណាធ្លាប់ទៅដល់ទីនោះពីរដងដែរ។

ខ្ញុំករុណាព្រះនាម សុខ ភារម្យ ជាព្រះនាយកសាលាពុទ្ធិកបឋមសិក្សាកម្ពុជរដ្ឋវត្តវារិន្ទព្រែកលៀប និងជាព្រះគ្រូសូធ្យស្ដាំវត្តវារិន្ទព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ខ្ញុំព្រះករុណាមានព្រះជន្ម ៣៧ ឆ្នាំហើយ។ សព្វថ្ងៃនេះគឺជានាយកគ្រប់គ្រងពុទ្ធិកបឋមសិក្សាវត្តវារិន្ទព្រែកលៀប។ បើលោកប្អូនមានចម្ងល់ចង់ដឹងពីបញ្ហាការគ្រប់គ្រងសាលា ក៏ដូចជាការជួយគ្រប់គ្រងសិស្សក្មេងៗដែលមកពីតាមបណ្ដាជនបទដាច់ស្រយាលឆ្ងាយៗមកស្នាក់នៅអាស្រ័យរៀនសូត្រ លោកប្អូនអាចសួរបាន។ ប្រគេនប៉ុណ្ណឹងលោកប្អូន មានចម្ងល់អ្វីសួរមកចុះ។

លន់ ឡាយ -​ តើបច្ចុប្បន្ននេះ ​វត្តវារិន្ទព្រែកលៀប ក៏ដូចជាសាលាពុទ្ធិកសិក្សាមានចំនួនសមណសិស្ស ឬសិស្សប៉ុន្មានអង្គ-នាក់ដែរ?

សុខ ភារម្យ -សាលាពុទ្ធិកបឋមសិក្សាវត្តវារិន្ទព្រែកលៀបមានសមណសិស្សកំពុងសិក្សាចំនួនបីថា្នក់ ដែលបានមកស្នាក់នៅរៀនសូត្រ។ មានថ្នាក់ ថ្នាក់ទី ១ ទី២ ទី៣។

ថ្នាក់ទី១ គឺកម្រិតវប្បធម៌អប់រំចំណេះដឹងទូទៅស្មើនឹងក្មេងសាលាកម្រិតថ្នាក់ទី៤។ ថ្នាក់ទី២ កម្រិតសិក្សាប្រហែលក្មេងថ្នាក់ទី៥ និងថ្នាក់ទី៣ ស្មើនឹងក្មេងសិក្សាថ្នាក់ទី៦។ សមណសិស្សក្នុងមួយថ្នាក់ៗ ថ្នាក់ទី១ ៥៤អង្គ, ថ្នាក់ទី២ មាន៣៨ អង្គ និងថ្នាក់ទី៣មាន២៦អង្គ ។

លន់ ឡាយ -​ តើសមណសិស្ស ឬសាមណេរតូចៗ ភាគច្រើននិមន្ដមកពីខេត្តណាដែរ?

សុខ ភារម្យ - សមណសិស្សដែលចូលស្នាក់នៅសិក្សានេះ យើងសុទ្ធតែមានលិខិតយោងមកពីស្រុកកំណើត ដោយជាសំបុត្រកំណើតបញ្ជាក់អត្រានុកូលដ្ឋានសំបុត្រកំណើត ហើយមួយទៀតសង្ឃដីកា ឬឆាយារបស់សាមីខ្លួន ។ ភាគច្រើនលោកមកពីតាមបណ្ដាខេត្តសឹងតែទូទាំងប្រទេសដែលក្នុងជាង១០០អង្គ និមន្ដមកសឹងតែទូទាំងប្រទេស តែភាគច្រើនមកពីតាកែវ និងព្រៃវែង។ ខេត្តតាកែវ និងព្រៃវែងឃើញសមណសិស្សដែលមកចូលរៀនច្រើនជាងគេ។

លន់ ឡាយ -​ តើឪពុកម្ដាយរបស់សមណសិស្សមានស្ថានភាពយ៉ាងមិចដែរ ទើបឱ្យកូនៗមកបួសក្នុងសំណាក់ព្រះពុទ្ធសាសនា​?

សុខ ភារម្យ - ចំនុចនេះល្អណាស់។ បញ្ហានេះមានពីរប្រភេទ។ ទីមួយគឺចំណង់របស់កូនដែលចង់មកបួស និងទីពីរគឺឪពុកម្ដាយពុំមានលទ្ធភាពដើម្បីផ្គត់ផ្គង់ការសិក្សាដល់កូនៗ។ ភាគច្រើនគឺកត្តាជីវភាពរបស់ឪពុកម្ដាយដែលមិនអាចដោះស្រាយក្នុងការផ្គត់ផ្គង់កូនរៀនសូត្របាន ក៏បញ្ជូនមកតាមវត្តអារាមឱ្យសិក្សារៀនសូត្រតែម្ដង។

មិនថាតែសាលាពុទ្ធិករបស់យើងនេះទេ សូម្បីតែពុទ្ធិកផ្សេងៗទៀតក៏យល់ឃើញដូចគ្នាដែរ។ យើងក៏ធ្លាប់បានចុះទៅសិក្សាទាំងអស់គ្នា ក៏ធ្លាប់ជួបដូច្នេះដែរ។ គណៈគ្រប់គ្រងពុទ្ធិសិក្សាធ្លាប់បានពិភាក្សាគ្នា និងចូលរួមរៀនវគ្គបណ្ដុះបណ្ដាលជាមួយគ្នាក៏យល់ស្របលើបញ្ហានេះដែរ ពោលគឺ ក្មេងដែលកំព្រាឪពុកម្ដាយ ឬក្មេងដែលឪពុកម្ដាយពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ តែងតែចូលមកពឹងពាក់វត្តអារាម ឬបួសជាព្រះសង្ឃជាដើម។ តួយ៉ាង ញោមស្រីម្នាក់បានយឺតយោងសណ្ដោងក្មេងៗក្រីក្រជាច្រើនមកពីខេត្តកំពង់ធំ ឱ្យមកនៅជាមួយខ្ញុំករុណាដើម្បីទទួលបានឱកាសសិក្សារៀនសូត្រ ដោយគាត់ឃើញវត្តវារិន្ទព្រែកលៀបអប់រំក្មេងបានល្អ។ វត្តនេះបង្រៀនក្មេងដែលមិនចេះអក្សរសោះ ឱ្យចេះអក្សរបាន បង្រៀនក្មេងមិនចេះធម៌សោះ ឱ្យរៀនធម៌ចេះ ហើយបានចូលរៀនក្នុងសាលាពុទ្ធិកបឋមយើងផងដែរ។ សរុបមកវិញ ភាគច្រើនម្ដាយឪពុកពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឱ្យកូនរៀនសូត្របាន ជាមូលហេតុចំបងមួយ នៃការចូលមកបួសរបស់កុលបុត្រទាំងនោះ។

អង្គការសាសនាដទៃផ្សេងៗក៏បានជួយដល់ក្មេងៗក្រីក្រដែរ ប៉ុន្ដែមិនកក់ក្ដៅដូចវត្តអារាមទេ។ ពុទ្ធសាសនាយើង ព្រះសង្ឃភាគច្រើន គឺលោកអប់រំបានច្រើន ទាំងសីលធម៌ ទាំងការរស់នៅ មានដូចជាការរៀនសូត្រ បែបបទនៃការរស់នៅ ជាពិសេសបែបបទនៃការរៀនសូត្រ គឺរបៀបនៃការសរសេរអក្សរ អក្ខរាវិរុទ្ធខ្មែរជាដើម។ ​

ណាមួយប្រទេសយើង គឺជាប្រទេសមួយប្រកាន់ពុទ្ធសាសនា កាន់យកនូវពុទ្ធសាសនា ដូចនេះភាគច្រើនប្រជាជនជឿជាក់លើពុទ្ធសាសនាដែលអាចជួយកូនៗអ្នកក្រីក្រ ឱ្យរួចផុតពីអវិជ្ជាជាដើម។

លន់ ឡាយ -តើដំណើរជីវិតរបស់ព្រះអង្គ និងពុទ្ធសាសនាមានដំណើរយ៉ាងណាដែរ?

សុខ ភារម្យ - ខ្ញុំករុណាអរព្រះគុណលោកប្អូន ។ និយាយពីជីវិតរបស់ខ្ញុំករុណាផ្ទាល់ ខ្ញុំករុណាមុននឹងមកដល់ប៉ុណ្ណេះ កម្រិតប៉ុណ្ណេះ សព្វថ្ងៃនេះ ខ្ញុំករុណាមិនបានរៀនតអ្វីទៀតទេ បានរៀនត្រឹមតែបរិញ្ញាបត្រនៃសាលាពុទ្ធសាសនាយើងទេ។ ប្រវត្តិជីវិតខ្ញុំករុណាជាមួយវត្តអារាម គឺខ្ញុំករុណាដឹងគុណពុទ្ធសាសនាខ្លាំងណាស់។ ខ្ញុំករុណាជាកូនកសិករហើយ គឺជាកូនកសិករក្រីក្របំផុតទៀត បានបាយព្រឹកខ្វះល្ងាច បានបាយល្ងាចខ្វះព្រឹក។ ខ្ញុំករុណាមានការតាំងចិត្តខ្លួនឯងផ្ទាល់ថានឹងមកបួសដើម្បីរៀនឱ្យបានចប់ចុងចប់ដើមទើបវិលត្រលប់ទៅវិញ។ ចំពោះគ្រួសារជួយខ្ញុំករុណារៀន​បានតិចណាស់។ ជួយបានត្រឹមតែជាកម្លាំងចិត្តនៅពីក្រោយ ជាពិសេសញោមស្រី ដែលគាត់មានកម្លាំងចិត្តគាត់ជួយ គាត់ផ្ដល់កម្លាំងចិត្តឱ្យកូនខំរៀនទៅ ព្រោះម៉ែល្ងង់ហើយ​​ កូនត្រូវតែខំរៀន។ កូនបានជ្រកកោនក្នុងព្រះពុទ្ធសាសនាហើយ កូនត្រូវតែខំរៀន។ ខ្ញុំករុណានឹកឃើញពាក្យសម្ដីរបស់ញោមស្រី ទើបខ្ញុំករុណាមកជ្រកកោនក្នុងពុទ្ធសាសនា និងក្រោយមកទៀត ញាតិព្រះធម៌ដែលពួកគាត់យល់ពុទ្ធសាសនាបានជួយខ្ញុំកុរណាច្រើនក្នុងសិក្សារៀនសូត្រ។

ព្រះសង្ឃ ចៅអធិការតាមវត្តក្ដីតែងតែជួយឧបត្ថម្ភទំនុកបម្រុងខ្ញុំករុណាក្នុងការរៀនសូត្រ។ ខ្ញុំករុណាយល់ថាព្រះពុទ្ធសាសនា គឺជាទីជ្រកកោន និងជាម្លប់ដ៏ត្រជាក់សម្រាប់ខ្ញុំករុណាផ្ទាល់ ក៏ដូ​ចជាជនដទៃទៀតដែរ។ ខ្ញុំករុណាយល់ថា ព្រះពុទ្ធសាសនាល្អណាស់ ព្រោះបានជួយដល់កូនកសិករខ្មែរយើងឱ្យរួចពីភាពល្ងង់ខ្លៅ ឱ្យរួចពីភាពអវិជ្ជាបានច្រើនណាស់។

ព្រះពុទ្ធសាសនានៅកម្ពុជាបានជួយកូនខ្មែរច្រើនណាស់ ពោលគឺកូនដែលកំព្រាក្ដី ឬកូនកសិករ ដែលពុំមានលទ្ធភាព ដូចខ្ញុំករុណាជាដើម។

លន់ ឡាយ -តើព្រះពុទ្ធសាសនា បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា?

សុខ ភារម្យ - សំណួរនេះល្អណាស់។ ក្នុងនេះផងដែរ ក្នុងព្រះពុទ្ធសាសនាយើង ជាពិសេសព្រះសង្ឃនានាទូទាំងប្រទេសមានច្រើនណាស់ដែលចូលរួមក្នុងវិស័យអប់រំ មិនត្រឹមតែសាលាពុទ្ធិកទេ គឺសកម្មភាពក្នុងសង្គមផ្សេងៗ ក៏ព្រះសង្ឃចូលរួមច្រើនដែរ ជាពិសេសគឺសប្បុរសធម៌។

ព្រះសង្ឃជាអ្នកទ្រទ្រង់ក្នុងព្រះពុទ្ធសាសនាមានញាតិញោមគាត់ជ្រះថ្លាទេយ្យទាន។ ព្រះសង្ឃលះបង់ទេយ្យវត្ថុផ្សេងៗ សម្រាប់ជួយក្មេងកំព្រា ជនក្រីក្រ ជនពិការ ជនទុរ្ភិក្ស ទឹកជំនន់ និងគ្រោះហានិភ័យដោយធម្មជាតិជាដើម។ ក្នុងវិស័យអប់រំខាងអាណាចក្រវិញ ព្រះសង្ឃតាមវត្តតែងតែយកចិត្តទុកដាក់ក្នុងការចុះអប់រំតាមបណ្ដាសាលារៀនផ្សេងៗ។

តួយ៉ាង​ វត្តវារិន្ទព្រែកលៀបមានសាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សានៅជាប់នឹងវត្តដែរ។ វត្តក៏មានដាក់ផែនការចុះទៅអប់រំសិស្សនៅក្នុងសាលារៀនផ្ទាល់ៗរួចកន្លងមកហើយដែរ។ ដោយសារយោងសម័យនេះ កូវីដដូច្នេះយើងក៏បានផ្អាកមួយរយៈ។ ហើយដល់ពេលវាស្ងប់ទៅវិញ យើងនឹងមានការចុះអប់រំក្មេងជាបន្ដបន្ទាប់ទៅទៀត ដូច្នេះព្រះពុទ្ធសាសនាខ្មែរយើងមិនមែនជួយសង្គមខ្មែរតែផ្នែកពុទ្ធចក្រទេ ផ្នែកអាណាចក្រក៏អប់រំដែរ និងផ្នែកសប្បុរសធម៌ផងដែរ។

លន់ ឡាយ -យើងឃើញស្ថានភាពបច្ចុប្បន្ននេះ តាមបណ្ដាសង្កាត់មាត់ញក​ ដូចជាជនបទជាដើមមានបញ្ហាយុវជនមួយចំនួន ឬក្មេងតូចៗគឺមានបញ្ហាប្រឈមជាមួយការសេពគ្រឿងញៀនជាដើម ដែលបណ្ដាលឱ្យពួកគាត់បោះបង់ការសិក្សាទាំងវ័យក្មេង។

តើព្រះតេជគុណយល់ថាព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងដូចម្ដេចក្នុងបញ្ហាខាងលើនេះ?

សុខ ភារម្យ - ចំណុចត្រង់នេះ ដូចជាទៅជ្រៅបន្ដិចហើយ ប៉ុន្ដែនៅក្នុងចំណុចទាំងនេះ ព្រះពុទ្ធសាសនាយើងដើរតួសំខាន់ណាស់ក្នុងទីនេះ ដែលមិនថាតំបន់ដាច់ស្រយាល សង្កាត់មាត់ញក តាមនិគមន៍ជនបទ ឬក៏ទីក្រុងនោះទេ គឺសុទ្ធតែមានញៀនថ្នាំទាំងអស់ ប៉ុន្តែមិនច្រើនទេ គ្រាន់តែថាមានគ្រប់ទីតំបន់។ ចំពោះអ្នកដែលញៀនថ្នាំ ប្រសិនបើឪពុកម្ដាយបោះបង់ចោល ព្រះពុទ្ធសាសនាយើងបើបានជួយអ្នកនោះ ដោយយកមកនៅក្នុងវត្តដើម្បីអប់រំ។ តួយ៉ាងនៅក្នុងវត្ត សព្វថ្ងៃនេះ ខ្ញុំករុណាអប់រំបុគ្គលញៀនថ្នាំមួយរូបឱ្យផ្តាច់ថ្នាំ។ ខ្ញុំករុណាបានបំបួសជននោះជាសាមណេរ ហើយក៏បានសិក្សារៀនសូត្រ និងកំពុងបន្ដការសិក្សារៀនសូត្រផងដែរ។ ដូច្នេះក្នុងពុទ្ធសាសនាយើងមានតួនាទីសំខាន់ណាស់ ចំពោះបុគ្គលបែបនេះ។ ជនញៀនថ្នាំត្រូវការការលើកទឹកចិត្ត មេរៀនអប់រំផ្លូវចិត្ត ការពន្យល់ណែនាំគ្នាឱ្យយល់ពីផលប៉ះពាល់នៃគ្រឿងញៀនចំពោះសុខភាពជាដើម។

ដូចជាមួយរយៈកន្លងមកក្នុងប្រទេសយើងមានមណ្ឌលកែប្រែផ្ដាច់គ្រឿងញៀនផងដែរ ហើយរាជរដ្ឋាភិបាលក៏បាននិមន្ដព្រះសង្ឃផ្សេងៗទៅដើម្បីអប់រំអំពីផ្លូវចិត្តដល់អ្នកញៀនថ្នាំនៅក្នុងមណ្ឌលកែប្រែ។ ហេតុនេះហើយព្រះសង្ឃមានតួនាទីសំខាន់ ត្រូវតែជួយជនប្រភេទនេះជាដាច់ខាតតែម្ដង គឺជួយស្រោចស្រង់គ្នាឱ្យផុតពីភាពញៀនថ្នាំក្លាយជាបុគ្គលល្អមួយរូបឡើងវិញ បានរៀនសូត្រ បានកែប្រែ យ៉ាងហោចណាស់បានឱ្យគ្នាមានការងារល្អបានធ្វើដែរ។ កាលដែលខ្ញុំករុណារៀនបឋមសិក្សា ខ្ញុំករុណាមានកូនសិស្សមួយរូបដែលញៀនថ្នាំ មកបួសហើយ ខ្ញុំករុណាបង្រៀនធម៌ និងអប់រំ។ ឥលូវនេះគ្នាបានជោគជ័យ។ គ្នាផ្ដាច់ថ្នាំបានហើយ គ្នាបានជោគជ័យក្នុងទីក្រុងភ្នំពេញនេះ មកបើកធ្វើធ្មេញរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានថែមទៀត។ ករណីនេះខ្ញុំករុណាជួបផ្ទាល់ហើយ គឺខ្ញុំករុណាបានជួប និងបាន​ជួយ។ កាលនោះឪពុកម្ដាយរបស់គាត់មិនបានបោះបង់ចោលទេ។ ពួកគាត់បានយកកូនដែលញៀនថ្នាំនោះមកផ្ញើខ្ញុំករុណា។

លន់ ឡាយ -សំណួរចុងក្រោយនេះ តើទីអារាមពុទ្ធសាសនាខ្មែរយើងផ្ដល់ស្នាក់នៅ ឬផ្ដល់ជាទីសំណាក់របស់ព្រះសង្ឃតែម្យ៉ាង ឬក៏ចំពោះនិស្សិតក្រីក្រដ៏ទៃទៀតអាចទទួលការស្នាក់នៅដែរ ឬក៏យ៉ាងមិចដែរ?

សុខ ភារម្យ - ទីវត្តអារាមយើងនេះមិនមែនទីស្នាក់អាស្រ័យព្រះសង្ឃតែមួយមុខនោះទេ តួយ៉ាងនៅក្នុងទីវត្តដែលមានសាលាមហាវិទ្យាល័យនៅជិតៗ ក៏មាននិស្សិតរាប់រយនាក់មកស្នាក់នៅដែរ មិនមែនតែព្រះសង្ឃទេ។ ក្នុងវត្តខ្ញុំករុណាផ្ទាល់នេះ ក៏មាននិស្សិតដែរ ដើម្បីបន្ដការសិក្សា ដែលគ្នាអត់មានលទ្ធភាពក្នុងការជួលផ្ទះ អត់មានលទ្ធភាពក្នុងការបង់ថ្លៃទឹក ថ្លៃភ្លើង អត់មានលទ្ធភាពសម្រាប់ទិញអាហារហូបចុក គឺពួកគាត់មកនៅវត្តដើម្បីស្នាក់អាស្រ័យ បានពឹងពាក់ព្រះសង្ឃ ហើយបានទៅរៀននៅមហាវិទ្យាល័យ។ គ្រប់អារាមទាំងអស់ ដែលមានមហាវិទ្យាល័យនៅក្បែរតែងតែមាននិស្សិតមកសូមស្នាក់នៅដើម្បីសិក្សារៀនសូត្រ។ បើនៅតាមតំបន់ដាច់ស្រយាល គឺក្មេងៗកំព្រា ឬក្មេងៗដែលមានឪពុកម្ដាយក្រីក្រក៏យកមកផ្ញើនឹងព្រះសង្ឃ ដើម្បីបានបួសរៀន។ បើនៅតំបន់ទីប្រជុំជន ឬនៅទីក្រុងគឺវត្តមានសុទ្ធតែនិស្សិតមកស្នាក់បន្ដការសិក្សារៀនសូត្រច្រើនរាប់មិនអស់ទេ។ វត្តអារាមមិនមែនសម្រាប់តែព្រះសង្ឃតែម្យ៉ាងនោះទេ។

លន់ ឡាយ -ដោយអស់ពេល សូមអរព្រះគុណព្រះអង្គ សម្រាប់ការចំណាយពេលវេលាផ្ដល់បទកិច្ចសម្ភាសន៍ក្នុងវេលាឱកាសនេះ។ សូមអរព្រះគុណ និងថ្វាយបង្គំលា។